កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ៤០នាក់ ស្ថិតនៅចំណុចសង្កាត់លេខ១ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ក្រុងព្រះសីហនុ)៖ នៅថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០២៦ ក្រោយពីទទួលបានករណីរាយការណ៍បទល្មើសគ្រឿងញៀនពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងទូរស័ព្ទដៃ NoDrug បានបញ្ជាទៅលោកឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរងនិងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងសហការនិងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋានដើម្បីចាត់វិធានការស្រាវជ្រាវនិងឈានដល់ការបង្ក្រាបករណីគ្រឿងញៀនដែលជាកង្វល់របស់ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។បន្ទាប់ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានទទួលព័ត៌មានបានចាត់តាំងលោកវរសេនីយ៍ត្រី​ ឡុង​ គីមហួរ នាយការិយាល័យអាវុធហត្ថទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុនិងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធដោយមានការដឹកនាំសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបានធ្វើការស្រាវជ្រាវតាមនីតិវិធីនិងចុះឆែកឆេរនៅចំណុចភូមិថ្មី ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ផ្អែកតាម ព័ត៌មានការរាយការណ៍របស់ប្រជាពលរដ្ឋលទ្ធផលស្រាវជ្រាវកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនិងចម្លើយសារភាពជនសង្ស័យជុំវិញករណីនេះបានបង្ក្រាបករណី “ជួញដូរ និងចែកចាយដោយខុសច្បាប់​នូវសារធាតុញៀន”នៅចំណុចទីតាំងខាង លើដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤០នាក់ (ស្រី ៥នាក់) វិជ្ជមានសារធាតុញៀន(+)និងបានដកហូតវត្ថុតាងរួមមាន៖ ក្រាមសថ្លា ៦៨កញ្ចប់ ទម្ងន់ ៩៣.៩ក្រាម ទាំងសម្បក​ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៧គ្រាប់ ទម្ងន់ ១.២ក្រាម ទាំងសម្បក​ បារីអេឡិចត្រូនិច ១ដើម​ ដែកកេះ ១០​ ខ្សៀ ៣៤​ ដបជក់ ៨​ជញ្ជីង ១​ ម៉ូតូ ៧គ្រឿង​ ទូរសព្ទ ២៥គ្រឿង​ ​និងថង់វិចខ្ចប់គ្រឿងញៀនមួយចំនួន។បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ដព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីបន្ត។សូមរលឹកថា App NoDrug កំពុងក្លាយជាមធ្យោបាយពេញនិយមសម្រាប់ប្រជាពលរដ្ឋការរាយការណ៍បទល្មើសគ្រឿងញៀនទៅសមត្ថកិច្ចដោយមានលក្ខណៈសម្ងាត់និងមានសុវត្ថិភាពខ្ពស់បំផុតដល់អ្នករាយការណ៍ក្នុងការបោសសម្អាតគ្រឿងញៀនចេញពីសហគមន៍ដែលកំពុងរស់នៅ។