នគរបាលខេត្តកណ្តាល ចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ស្ថិតនៅចំណុចស្រុកអង្គស្នួល បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug
(ខេត្តកណ្តាល)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី ជួញដូង និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គង់ ស៉ីដន ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក បើកប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់(ស្រី១នាក់)។វត្ថុតាងចាប់យក ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ០១កញ្ចប់តូចទម្ងន់០,៣៧ក្រាម ទូរសព្ទដៃ០២គ្រឿង (១-ម៉ាកoppo ពណ៌ខ្មៅ ,២-ម៉ាកiphone13 ពណ៌ខ្មៅ) សម្ភារសម្រាប់ប្រើប្រាស់ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

